ព្រឹកថ្ងៃទី០៤ខែកក្កដា ឆ្នាំ២០២០
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមចុះពិនិត្យការស្ថាបនាស្ពានថ្មីបេតុងឆ្លងកាត់ព្រែកអាចារ្យសួនចំណងដៃថ្មីមួយទៀត របស់រាជរដ្ឋាភិបាលកម្ពុជានិងលេចជា
រូបរាងឡើងនៅលើទឹកដីស្រុកស្ទឹងត្រង់នាពេលឆាប់ៗខាងមុខ។
ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ទៅមកនិងការដឹកជញ្ជូនផលិតផល កសិផល របស់បងប្អូនប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរឆ្លងកាត់ផ្លូវកៀនជ្រៃ-ស្ទឹងត្រង់ ឲ្យមានភាពល្អប្រសើ។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋាន អញ្ជើញចុះពិនិត្យការស្ថាបនាស្ពានថ្មី មួយកន្លែង ឆ្លងកាត់ព្រែកអាចារ្យសួន ស្ថិតក្នុងឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ដែលស្ពាននេះ កន្លងទៅមានសភាពចាស់ទ្រុឌទ្រោម ហើយត្រូវបានទឹកជំនន់ឆ្នាំ២០១៩ ហូរច្រស់ បាក់ស្រុតរលំសរសគ្រឹះស្ពាន មិនអាចអោយរថយន្តធុនធំដឹកទំនិញ និងកសិផលឆ្លងកាត់បានឡើយ។
ស្ពាននេះត្រូវកសាងថ្មីទាំងស្រុង ធ្វើអំពីបេតុង មានប្រវែង៩០ម៉ែត្រ និងទទឹង៨ម៉ែត្រ ជំនួសស្ពានបេឡេចាស់ដែលមានប្រវែង៧៥ម៉ែត្រ ទទឹង៤ម៉ែត្រ ជាគំរោងរបស់ក្រសួងអភិវឌ្ឍជនបទ ហើយត្រូវអនុវត្តការសាងសង់ដោយកងវិស្វកម្មនៃក្រសួងការពារជាតិ ដោយគ្រោងនឹងបញ្ចប់ការសាងសង់ នៅដើមឆ្នាំ ២០២១ ខាងមុខនេះ។