ការដែលលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការរាជធានីភ្នំពេញ ធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារអាងមានខ្នងបង្អែករឹងមាំនៅក្នុងក្រសួងសាធារណការនិងដឹកជញ្ជូន។
ជាក់ស្ដែងសូម្បីតែលោកនាយករដ្ឋមន្ត្រីហ៊ុនសែនដែលជាប្រមុខរាជរដ្ឋាភិបាល ក៏ធ្លាប់បញ្ចេញប្រតិកម្មទាក់ទងទៅនឹងភាពអសកម្មរបស់លោកសាំពិសិដ្ឋប្រធានមន្ទីរសាធាណការរាជធានីភ្នំពេញដែរប៉ុន្តែរហូតមកដល់ពេលនេះលោកស៊ុនចាន់ថុលរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនមិនទាន់ចាត់ការទៅតាមកំហុសជាក់ស្ដែងរបស់លោកសាំពិសិដ្ឋនោះទេ។
មន្ត្រីក្នុងមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញមួយចំនួនបានឲ្យដឹងថា៖ហេតុផលទាំងអស់នេះហើយទើបលោកសាំពិសិដ្ឋនៅតែបន្តសកម្មភាពពុករលួយនិងមានភាពអសកម្មដដែលក្នុងខណៈដែលផ្លូវកៅស៊ូនិងផ្លូវបេតុងជាច្រើនខ្សែក្នុងរាជធានីភ្នំពេញ កំពុងរងការខូចខាតដោយសារតែការស្ថាបនានិងការជួសជុលគ្មានគុណភាព ។
ផ្លូវជាច្រើនខ្សែនៅក្នុងរាជធានីភ្នំពេញធ្វើមិនបានប៉ុន្មានផងក៏ខូចឡើងវិញ ជួនកាលជួសជុលខាងមុខខូចខាងក្រោយដោយសារតែធ្វើមិនត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស។
មានការរិះគន់ចំៗពីសំណាក់ប្រជាពលរថ្ឋថា៖លោកសាំពិសិដ្ឋក្នុងនាមជាប្រធានមន្ទីរ មិនដែលចុះពិនិត្យគុណភាពផ្លូវជាច្រើនខ្សែពេលកំពុងស្ថាបនាឬកំពុងជួសជុលនោះទេ ហេតុនេះហើយទើបក្រុមហ៊ុនម៉ៅការធ្វើឲ្យរួចតែពីដៃខាតបង់ថវិកាជាតិយ៉ាងច្រើនសន្ធឹកសន្ធាប់។
ជាក់ស្ដែងផ្លូវជាតិលេខ៦ និងផ្លូវជាច្រើនខ្សែទៀតកំពុងរងការខូចឡើងវិញជាបណ្ដើរៗហើយ ដោយសារតែការស្ថាបនានិងជួសជុលមិនត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស។
មន្ត្រីរាជការនៅក្នុងមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថា៖ សូម្បីតែនៅកន្លែងធ្វើស្លាកលេខរថយន្តនិងស្លាកលេខម៉ូតូរបស់មន្ទីរសាធារណការរាជធានីភ្នំពេញ ក៏កើតមានអំពើពុករលួយនិងភាពរញ៉េរញ៉ៃផងដែរ។ លើសនេះទៅទៀត សូម្បីតែការប្រឡងយកប័ណ្ណបើកបររថយន្តក៏កើតមានអំពើពុករលួយយ៉ាងរាលដាលព្រោះតែលោក សាំពិសិដ្ឋប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបណ្ដោយឲ្យមន្ត្រីក្រោមឱវាទធ្វើអ្វីៗស្រេចតែអំពើចិត្ត។ ប្រភពពីមន្ត្រីរាជការមួយចំនួនក្នុងមន្ទីរសាធារណការរាជធានីភ្នំពេញ បានលើកឡើងថាចាប់តាំងពីលោកសាំពិសិដ្ឋចូលកាន់តំណែងជាប្រធានមន្ទីររួចមកគឺអំពើពុករលួយបក្ខពួកនិយមកើតឡើងផងដែរ។
ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញបានរិះគន់ថា៖មន្ត្រីនៅក្នុងមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ស្ពឹកស្រពន់យ៉ាងខ្លាំងមិនយកចិត្តទុកដាក់បំពេញការងាររបស់ខ្លួនតាមតួនាទីឲ្យបានត្រឹមត្រូវឡើយ។ ជាក់ស្ដែងនៅផ្លូវលេខ២៧១ ផ្លូវលេខ២០០២ ផ្លូវលេខ២០០៤ ផ្លូវវេងស្រេង និងផ្លូវជាច្រើនខ្សែទៀតមានរថយន្តដឹកទំនិញសណ្ដោងកន្ទុយវែងៗបើកបរឆ្លងកាត់ចន្លោះម៉ោង៧ព្រឹកដល់ម៉ោង១ឬម៉ោង២រសៀល ហើយមិនឃើញមន្ត្រីមន្ទីរសាធារណការនិងសមត្ថកិច្ចពាក់ព័ន្ធចាត់វិធានការទប់ស្កាត់ទាល់តែសោះ។
ការដែលរថយន្តកុងតឺន័ររថយន្តសណ្ដោងកន្ទុយវែងៗ បើកបរចូលប្រជុំជនតាមផ្លូវសំខាន់ៗក្នុងម៉ោងហាមឃាត់ ធ្វើឲ្យកក់ស្ទះចរាចរណ៍ជារៀងរាល់ថ្ងៃហើយលោកសាំពិសិដ្ឋបែរជាធ្វើមិនដឹងមិនឮអ្វីទាំងអស់ព្រោះលោកសាំពិសិដ្ឋ និងបក្ខពួកគិតតែពីរឿងឃុបឃិតគ្នាប្រមូលលុយតាមរបៀបពុករលួយយ៉ាងសុខស្រួល៕