បច្ចុប្បន្នព្រៃការពារ និងព្រៃអភិរក្សក្នុងមូលដ្ឋានពួកគាត់កំពុងត្រូវឈ្មួញធំៗកាប់រំលំអារច្រៀក និងដឹកជញ្ជូនចេញទៅស្រុកយួនយ៉ាងពេញបន្ទុកដោយគ្មានមន្ត្រីជំនាញឬសមត្ថកិច្ចពាក់ព័ន្ធណាចាត់វិធានការបង្ក្រាបនោះទេ។
ប្រជាពលរដ្ឋនៅក្នុងស្រុកសេសានខេត្តស្ទឹងត្រែងបានឲ្យដឹងដែរថាឈ្មួញឈ្មោះម៉ឹកសុផាន់ណារ៉េតនិងបក្ខពួកឈ្មោះសាន្ត ចយ កំពុងបន្តធ្វើសកម្មភាពកាប់ឈើនៅខាងក្រៅផ្ទៃបាតអាងទំនប់វារីអគ្គិសនីសេសានក្រោម២ ហើយដឹកជញ្ជូនតាមរថយន្តធំៗចេញទៅស្រុកយួនតាមច្រកត្រពាំងស្រែ ស្រុកស្នួលខេត្តក្រចេះ ។
មន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធមិនហ៊ានប៉ះពាល់ឧកញ៉ាជ័យដែលជាឈ្មួញល្បីខាងកាប់ឈើក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែងដឹកជញ្ជូនចេញទៅស្រុកយួនតាមច្រកត្រពាំងស្រែក្នុងស្រុកស្នួលខេត្តក្រចេះនោះទេផ្ទុយទៅវិញពួកគេចាំទទួលផលប្រយោជន៍ពីឧកញ៉ាជ័យយ៉ាងស្ងៀមស្ងាត់។
ប្រភពពីប្រជាពលរដ្ឋនៅក្នុងស្រុកកោះញែកខេត្តមណ្ឌលគិរីបានឲ្យដឹងថាព្រៃឈើនៅក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំព្រិចតំបន់អន្ទ្រង និងតំបន់ដែនជម្រកសត្វព្រៃស្រែពកកំពុងរងការបំផ្លាញយ៉ាងមហន្តរាយ។
ប្រជាសហគមន៍ការពារព្រៃឈើនៅក្នុងស្រុកកោះញែកខេត្តមណ្ឌលគិរីបានឲ្យដឹងថាមេឈ្មួញសឹង្ហសំអុលមេឈ្មួញតុប វីដាមេឈ្មួញស្រេងម៉េងហៅម៉េង ៣ ពូថៅ ព្រមទាំងក្រុមហ៊ុនមួយចំនួន នៅតែកាប់ឈើដឹកចេញពីព្រៃការពារព្រៃអភិរក្សក្នុងស្រុកកោះញែកយ៉ាងគគ្រឹកគគ្រេងដដែល។
មន្ត្រីអាជ្ញាធរមន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តមណ្ឌលគិរី មិនចាត់វិធានការទប់ស្កាត់បទល្មើសបំផ្លាញព្រៃឈើដែលកើតឡើងយ៉ាងរាលដាលនៅក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរីនោះទេ។
សេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅក្នុងស្រុកអណ្ដូងមាសនិងស្រុកតាវែងខេត្តរតនគិរីបានឲ្យដឹងថាបច្ចុប្បន្នព្រៃឈើក្នុងតំបន់ឧទ្យានជាតិវីរៈជ័យ តំបន់កន្ទុយនាគកំពុងរងការបំផ្លាញយ៉ាងខ្លាំងក្លាបំផុតហើយអភិបាលខេត្តរតនគិរី លោកថងសាវុននិងប្រធានមន្ទីរបរិស្ថានខេត្តរតនគិរីមិនចាត់វិធានការទប់ស្កាត់ឡើយ។
សូម្បីតែលោកសាយសំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក៏រក្សាភាពស្ងៀមស្ងាត់ផងដែរក្នុងខណៈដែលឈ្មួញជាមន្ត្រីយោធាឈ្មួញជាមន្ត្រីនគរបាលឈ្មួញជាមន្ត្រីអាវុធហត្ថ និងក្រុមហ៊ុនមួយចំនួនសម្រុកកាប់ឈើដឹកជញ្ជូនចេញពីតំបន់ឧទ្យានជាតិវីរៈជ័យ ចូលទៅស្រុកយួនរាប់ពាន់រាប់ម៉ឺនម៉ែត្រគូបក្នុងមួយខែៗ។
ប្រការនេះកំពុងធ្វើឲ្យព្រៃឈើនៅក្នុងតំបន់កន្ទុយនាគឧទ្យានជាតិវីរៈជ័យ ចៀសមិនផុតពីសេចក្ដីវិនាសសាបសូន្យ ក្នុងពេលឆាប់ៗខាងមុខនេះឡើយ។
ទាក់ទងនឹងបទល្មើសបំផ្លាញព្រៃឈើក្នុងខេត្តរតនគិរីខេត្តស្ទឹងត្រែងនិងខេត្តមណ្ឌលគិរីនោះដែរគឺកាលពីថ្ងៃ៣១ ខែឧសភាឆ្នាំ២០១៨ ពីភ្នាក់ការស៊ើបអង្កេតបរិស្ថានហៅកាត់ថា(EIA) ដែលមានស្នាក់ការនៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេសបានចេញរបាយការណ៍មួយដោយដាក់ចំណងជើងថា «វៀតណាមនៅតែជាអ្នកលួចឈើក្នុងតំបន់ការពាររបស់ប្រទេសកម្ពុជា» នៅក្នុងរបាយការណ៍នោះបានរៀបរាប់អំពើការកាប់បំផ្លាញព្រៃឈើនៅក្នុងឧទ្យានជាតិវីរៈជ័យ ខេត្តរតនគិរី, តំបន់ទំនប់សេសានក្រោម២ ក្នុងខេត្តស្ទឹងត្រែងនិងតំបន់ដែនជម្រកសត្វព្រៃភ្នំព្រិចខេត្តមណ្ឌលគិរី។
តាមរបាយការណ៍របស់ភ្នាក់ងារសើបអង្កេតបរិស្ថាន EIA បានឲ្យដឹងថា ទំហំព្រៃឈើដែលត្រូវបានកាប់បំផ្លាញដឹកជញ្ជូនទៅស្រុកយួនចន្លោះពីខែតុលា ឆ្នាំ២០១៧ ដែលខែមីនាឆ្នាំ២០១៨ គឺមានបរិមាណ ១ ១៥៥ ០០០ ម៉ែត្រគូប។
ប្រការនេះហើយដែលធ្វើឲ្យព្រៃឈើនៅសេសសល់ក្នុងខេត្តរតនគិរីខេត្តស្ទឹងត្រែងនិងខេត្តមណ្ឌលគិរីចៀសមិនផុតពីសេចក្ដីវិនាសនោះឡើយ៕