ខេត្តឧត្ដរមានជ័យ ៖ ប្រជាពលរដ្ឋបានលើកឡើងថាបច្ចុប្បន្នឈ្មួញឈ្មោះម៉ៅសារ៉េត នៅតែអាចធ្វើសកម្មភាពដឹកជញ្ជូនឈើកែច្នៃរួចជាគ្រោងទ្វារបង្អួចចេញពីស្រុកត្រពាំងប្រាសាទ និងស្រុកអន្លង់វែង យ៉ាងអនាធិបតេយ្យហើយគ្មានមន្ត្រីជំនាញឬសមត្ថកិច្ចពាក់ព័ន្ធណាចាត់វិធានការបង្ក្រាបឡើយ ។
ប្រជាពលរដ្ឋសង្ស័យថាមន្ត្រីរដ្ឋបាលព្រៃឈើក្នុងស្រុកអន្លង់វែងនិងស្រុកត្រពាំងប្រាសាទក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធទទួលបានផលប្រយោជន៍ពីឈ្មួញឈ្មោះម៉ៅសារ៉េត ជាប្រចាំទើបបណ្ដោយឲ្យឈ្មួញម្នាក់នេះធ្វើអ្វីៗតាមអំពើចិត្ត ។ ប្រសិនបើមន្ត្រីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធមិនឃុបឃិតទេនោះគឺឈ្មួញឈ្មោះម៉ៅសារ៉េត មិនអាចដឹកជញ្ជូនឈើកែច្នៃជាគ្រោងទ្វារបង្អួចចេញពីទឹកដីស្រុកអន្លង់វែង និងស្រុកត្រពាំងប្រាសាទខេត្តឧត្ដរមានជ័យបានឡើយ ។
ថ្មីៗកន្លងទៅនេះគឺកាលពីយប់ថ្ងៃទី០៧ ខែមិថុនាឆ្នាំ២០១៨ មានរថយន្តដឹកឈើគ្រោងទ្វារបង្អួចរបស់ឈ្មួញឈ្មោះម៉ៅសារ៉េត ចំនួន៤គ្រឿងចាកចេញពីចំណុចផ្ទះរបស់ឈ្មួញរូបនេះនៅក្នុងស្រុកត្រពាំងប្រាសាទ ហើយឆ្លងកាត់ស្រុកអន្លង់វែងឆ្ពោះទៅតាមខេត្តបន្ទាយមានជ័យនិងបណ្ដាខេត្តផ្សេងៗយ៉ាងរលូន ។
លោកអ៊ឹមសាវរិទ្ធនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តឧត្ដរមានជ័យនិងមន្ត្រីក្រោមឱវាទធ្វើមិនដឹងមិនឮអ្វីទាំងអស់ ហើយបណ្ដោយឲ្យឈ្មួញឈ្មោះម៉ៅសារ៉េត ក៏ដូចជាឈ្មួញដទៃទៀតបន្តសកម្មភាពដឹកជញ្ជូនឈើចេញពីស្រុកត្រពាំងប្រាសាទ និងស្រុកអន្លង់វែងយ៉ាងគគ្រឹកគគ្រេង ។ សូម្បីតែលោក ស ថាវីអភិបាលខេត្តឧត្ដរមានជ័យ ក៏រក្សាភាពស្ងៀមស្ងាត់ដែរក្នុងខណៈដែលឈ្មួញឈ្មោះម៉ៅសារ៉េតនិងឈ្មួញដទៃទៀតបន្តសកម្មភាពកាប់ឈើ និងដឹកជញ្ជូនឈើចេញពីស្រុកអន្លង់វែងនិងស្រុកត្រពាំងប្រាសាទដោយគ្មានញញើតអ្វីទាំងអស់ ។
សេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋនៅក្នុងស្រុកអន្លង់វែងនិងស្រុកត្រពាំងប្រាសាទបានឲ្យដឹងថាមិនមែនតែឈ្មួញឈ្មោះម៉ៅសារ៉េត ទេដែលកំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើកែច្នៃរួចជាគ្រោងទ្វារបង្អួចចេញពីស្រុកត្រពាំងប្រាសាទ និងស្រុកអន្លង់វែងយ៉ាងគឃ្លើន ។ ប្រភពបានឲ្យដឹងទៀតថាឈ្មួញធំៗ២នាក់ទៀតគឺឈ្មោះឆាយនិងឈ្មោះរិទ្ធ ក៏បន្តសកម្មភាពដឹកជញ្ជូនឈើប្រភេទលេខ១ ប្រភេទលេខ២ តាមរថយន្តធុនធំចំណុះរាប់សិបតោនចេញពីខេត្តឧត្ដរមានជ័យចូលមកខេត្តបន្ទាយមានជ័យនិងខេត្តសៀមរាប ដោយគ្មានមន្ត្រីរដ្ឋបាលព្រៃឈើឬសមត្ថកិច្ចពាក់ព័ន្ធណាចាត់វិធានការបង្ក្រាបឡើយ ។
ផ្ទុយទៅវិញ ប្រភពខ្លះបានរិះគន់ថាលោកអ៊ឹមសាវរិទ្ធនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តឧត្ដរមានជ័យ និងបក្ខពួកបានចាត់ទុកបទល្មើសព្រៃឈើគឺជាប្រភពចំណូលរបស់ខ្លួន ហេតុនេះហើយទើបគេបណ្ដោយឲ្យឈ្មួញច្រើននាក់បន្តសកម្មភាពដឹកជញ្ជូនឈើខុសច្បាប់ចេញពីស្រុកត្រពាំងប្រាសាទ និងស្រុកអន្លង់វែងយ៉ាងពេញបន្ទុកតែម្តង៕