រឿងអាស្រូវពុករលួយរបស់លោកគឹមឈុនលីនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តត្បូងឃ្មុំ ក្នុងការឃុបឃិតបើកដៃឲ្យឈ្មួញច្រើននាក់ដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមច្រកព្រំដែនក្នុងស្រុកមេមត់ និងស្រុកពញាក្រែកខេត្តត្បូងឃ្មុំយ៉ាងរាលដាលត្រូវបានបើកកកាយជាបន្តបន្ទាប់។
ថ្មីៗនេះប្រជាពលរដ្ឋរស់នៅតាមតំបន់ព្រំដែនកម្ពុជា-យួនក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំបានឲ្យដឹងថា៖ បច្ចុប្បន្នឈ្មួញច្រើននាក់នៅតែអាចបន្តសកម្មភាពដឹកជញ្ជូនឈើប្រណីតចេញទៅស្រុកយួនតាមច្រកព្រំដែននិងច្រករបៀងជាច្រើនកន្លែងយ៉ាងគគ្រឹកគគ្រេង។
ប្រការដែលក្រុមឈ្មួញអាចដឹកជញ្ជូនឈើប្រណីតចេញទៅស្រុកយួនយ៉ាងរលូននោះ គឺមានការឃុបឃិតបើកដៃពីសំណាក់លោកគឹមឈុនលីនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តត្បូងឃ្មុំក៏ដូចជានគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនិងគយចល័តផងដែរ។
ជាពិសេសសមត្ថកិច្ចតាមច្រកព្រំដែនជាច្រើនកន្លែងក្នុងស្រុកមេមត់ ដូចជាច្រកបឹងជ្រោងច្រកចាន់មូលនិងច្រកដូនរ័ត្ន ជាដើមកំពុងសប្បាយប្រមូលលុយពីក្រុមឈ្មួញដឹកជញ្ជូនឈើចេញទៅស្រុកយួនយ៉ាងសុខស្រួលមិនខ្វល់ពីការរិះគន់អ្វីទាំងអស់។
តាមការអះអាងរបស់មន្ត្រីនៅក្នុងមន្ទីរកសិកម្មខេត្តត្បូងឃ្មុំ មួយចំនួនបានបង្ហើបឲ្យដឹងថា៖ ឈ្មួញដឹកជញ្ជូនឈើដែលមានទាំងមន្ត្រីយោធានិងមន្ត្រីអាវុធហត្ថផងនោះត្រូវមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយលោក គឹមឈុនលី មេរដ្ឋបាលព្រៃឈើខេត្តត្បូងឃ្មុំទើបអាចដឹកជញ្ជូនឈើទៅដល់គោលដៅដោយគ្មានឧបសគ្គ។ បើមិនដូច្នេះទេក្រុមមនុស្សដែលជាបក្ខពួករបស់លោកគឹមឈុនលី ប្រើរថយន្តប្រដេញតាមបង្ក្រាបរថយន្តដឹកឈើមិនឲ្យរួចខ្លួនឡើយ ហើយគេគំរាមចាត់វិធានការតាមច្បាប់ទៀតផង។
តាមរយៈការឃុបឃិតបើកដៃឲ្យឈ្មួញច្រើននាក់បន្តសកម្មភាពដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមច្រករបៀងនិងច្រកព្រំដែនក្នុងស្រុកមេមត់ ក៏ដូចជាច្រកព្រំដែននិងច្រករបៀងក្នុងស្រុកពញាក្រែក គឺលោក គឹម ឈុនលី អាចប្រមូលលុយបានយ៉ាងច្រើនក្នុងមួយខែៗ ហើយក៏អាចមានការបែងចែក មួយផ្នែកណានោះ ទៅថ្នាក់លើផងដែរទើបអ្វីៗអាចប្រព្រឹត្តយ៉ាងស្ងៀមស្ងាត់។
ប្រភពពីមន្ត្រីនិងសមត្ថកិច្ចពាក់ព័ន្ធតាមបណ្ដាឃុំក្នុងស្រុកមេមត់ ជាប់ព្រំប្រទល់ជាមួយប្រទេសយួនបានឲ្យដឹងថា៖រយៈពេលប្រមាណ១ខែកន្លងទៅនេះ ក្រុមឈ្មួញសម្រុកដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមច្រកព្រំដែននិងច្រករបៀងក្នុងស្រុកមេមត់ ។
ឈ្មួញធំៗមួយចំនួនដូចជាមេឈ្មួញឈ្មោះពៅជាមន្ត្រីនគរបាលក្នុងខេត្តត្បូងឃ្មុំ កំពុងបង្កើនសកម្មភាពដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមច្រករបៀងនិងច្រកព្រំដែនក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំទាំងថ្ងៃទាំងយប់។ ប្រការនេះបង្ហាញយ៉ាងច្បាស់ថាបទបញ្ជា ក្នុងការទប់ស្កាត់បទល្មើសរត់ពន្ធឈើចេញក្រៅប្រទេសគឺជារឿងឥតន័យ ព្រោះឈ្មួញជាច្រើននាក់នៅតែបន្តសកម្មភាពដឹកជញ្ជូនឈើប្រណីតចេញទៅស្រុកយួនតាមច្រករបៀងនិងច្រកព្រំដែនក្នុងស្រុកមេមត់ ដោយសារមានការឃុបឃិតបើកដៃពីសំណាក់លោកគឹមឈុនលីមេរដ្ឋបាលព្រៃឈើខេត្តត្បូងឃ្មុំបានកំពុងសប្បាយចិត្តប្រមូលលុយរៀងរាល់ថ្ងៃផងដែរ៕