មួយរយៈចុងក្រោយនេះឈ្មួញឈ្មោះទូចនិងប្រពន្ធឈ្មោះណាត កំពុងបង្កើនសកម្មភាពសម្រុកដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ យ៉ាងពេញបន្ទុកគ្មានញញើតអ្វីទាំងអស់។
ប្រភពពីមន្ត្រីក្នុងមន្ទីរកសិកម្មខេត្តរតនគិរីនិងសមត្ថកិច្ចពាក់ព័ន្ធមួយចំនួនបានឲ្យដឹងថាឈ្មួញឈ្មោះទូចនិងប្រពន្ធឈ្មោះណាតមិនញញើតនឹងមន្ត្រីរដ្ឋបាលព្រៃឈើក្នុងក្រុងបានលុងស្រុកអូរជុំនិងស្រុកអូរយ៉ាដាវនោះទេព្រោះពួកគេអាងមានលោកកែបកត់ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរីជាខ្នងបង្អែកយ៉ាងរឹងមាំចាំជួយគាំពារគ្រប់ពេលវេលា។ ជាក់ស្ដែងថ្មីៗកន្លងទៅនេះឈ្មួញឈ្មោះទូចនិងប្រពន្ធឈ្មោះណាតហ៊ានប្រឈមមុខយ៉ាងគឃ្លើនជាមួយលោកទន់ វីរភាពនាយរងផ្នែករដ្ឋបាលព្រៃឈើអូរជុំហើយថែមទាំងបើកកកាយអំពើពុករលួយរបស់លោកទន់ វីរភាពដោយគ្មានញញើតអ្វីឡើយ។
ប្រភពដែលស្និទ្ធនឹងលោកកែបកត់ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរីបានបង្ហើបឲ្យដឹងថាប្រសិនបើគ្មានការឃុបឃិតបើកដៃពីសំណាក់លោកកែបកត់ ទេនោះគឺឈ្មួញឈ្មោះទូចនិងប្រពន្ធឈ្មោះណាតមិនហ៊ានធ្វើអ្វីៗតាមអំពើចិត្តដូចសព្វថ្ងៃនេះឡើយ។ ឈ្មួញឈ្មោះទូចនិងប្រពន្ធឈ្មោះណាតមានឃ្លាំងស្តុកឈើជាច្រើនកន្លែងនៅក្នុងក្រុងបានលុង ហើយដឹកជញ្ជូនឈើតាមរថយន្តសាំយ៉ុងទាំងខ្សែៗឆ្លងកាត់ផ្លូវជាតិលេខ៧៨ ចេញទៅស្រុកយួនយ៉ាងពេញបន្ទុក។ ប្រភពខ្លះបានឲ្យដឹងថាមន្ត្រីជាន់ខ្ពស់និងសមត្ថកិច្ចធំៗក្នុងខេត្តរតនគិរី មួយចំនួនក៏ជាខ្នងបង្អែករបស់ឈ្មួញឈ្មោះទូចនិងប្រពន្ធឈ្មោះណាត នោះដែរដូច្នេះហើយទើបឈ្មួញ២នាក់ប្ដីប្រពន្ធនេះកាន់តែមានឥទ្ធិពលធំធេងក្នុងការដឹកជញ្ជូនឈើចេញទៅស្រុកយួន។
ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តរតនគិរីបានឲ្យដឹងថាជម្លោះរវាងឈ្មួញឈ្មោះទូចនិងប្រពន្ធឈ្មោះណាតជាមួយលោកទន់ វីរភាពនាយរងផ្នែករដ្ឋបាលព្រៃឈើអូរជុំ កាលពីពេលថ្មីៗនេះបានបង្ហាញយ៉ាងច្បាស់អំពីឥទ្ធិពលខ្លាំងក្លារបស់ឈ្មួញឈ្មោះ ទូចនិងប្រពន្ធឈ្មោះណាតក្នុងការដឹកជញ្ជូនឈើចេញទៅស្រុកយួន។ អ្វីដែលធ្វើឲ្យមជ្ឈដ្ឋាននានាចាប់អារម្មណ៍យ៉ាងខ្លាំងនោះគឺអំពើពុករលួយដល់ឆ្អឹងរបស់លោកទន់ វីរភាពត្រូវបានឈ្មួញឈ្មោះទូចនិងប្រពន្ធឈ្មោះណាតលាតត្រដាងជាសាធារណៈតែម្តងហើយលោកទន់ វីរភាពមិនអាចបិទបាំងមុខមាត់អាក្រក់របស់ខ្លួនតទៅទៀតទេ។
មន្ត្រីរាជការក្នុងមន្ទីរកសិកម្មខេត្តរតនគិរីបានលើកឡើងថាលោកកែបកត់ គឺជាខ្នងបង្អែកយ៉ាងរឹងមាំរបស់ឈ្មួញឈ្មោះទូចនិងប្រពន្ធឈ្មោះណាត ហេតុនេះហើយទើបឈ្មួញ២នាក់ប្ដីប្រពន្ធនេះហ៊ានធ្វើសកម្មភាពដឹកជញ្ជូនឈើចេញទៅស្រុកយួន ហើយហ៊ានជេរប្រមាថមន្ត្រីរដ្ឋបាលព្រៃឈើដោយគ្មានញញើតអ្វីឡើយ៕