ខេត្តឧត្ដរមានជ័យ ៖ លោក ស ថាវីអភិបាលខេត្តឧត្ដរមានជ័យត្រូវបានប្រជាពលរដ្ឋនិងមន្ត្រីរាជការក្នុងខេត្តនេះ រិះគន់ថាមិនចាត់វិធានការបង្ក្រាបក្រុមឈ្មួញជួញដូរឈើគ្រញូងខុសច្បាប់ ហើយបណ្ដោយឲ្យឈ្មួញច្រើននាក់ប្រមូលទិញឈើគ្រញូងនិងដឹកជញ្ជូនឈើគ្រញូងចេញពីខេត្តឧត្ដរមានជ័យ យ៉ាងពេញបន្ទុក។ ជាក់ស្ដែងមួយរយៈចុងក្រោយនេះឈ្មួញជនជាតិយួនឈ្មោះង្វៀងធីម៉ៃហៅយាយម៉ាយ ឈ្មួញខ្មែរឈ្មោះមករា និងឈ្មួញ៣នាក់ផ្សេងទៀតបន្តប្រមូលទិញឈើគ្រញូងតាមតំបន់ព្រំដែនក្នុងក្រុងសំរោង ស្រុកអន្លង់វែងនិងស្រុកត្រពាំងប្រាសាទយ៉ាងគឃ្លើន។ ទន្ទឹមនឹងនេះលោកអ៊ឹមសាវរិទ្ធនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តឧត្ដរមានជ័យ កំពុងរងការរិះគន់យ៉ាងខ្លាំងក្លាផងដែរពីករណីបើកដៃឲ្យឈ្មួញយួននិងឈ្មួញខ្មែរបន្តសកម្មភាពប្រមូលទិញឈើដឹកជញ្ជូនឈើគ្រញូងចេញពីខេត្តឧត្ដរមានជ័យ យ៉ាងរលូន។
ប្រភពពីប្រជាពលរដ្ឋរស់នៅតាមតំបន់ព្រំដែនខ្មែរ-សៀមក្នុងស្រុកត្រពាំងប្រាសាទខេត្តឧត្ដរមានជ័យបានឲ្យដឹងថា បច្ចុប្បន្នមានឈ្មួញយួននិងឈ្មួញខ្មែរ៤នាក់នៅតែបន្តសកម្មភាពប្រមូលទិញឈើដឹកចេញពីទឹកដីស្រុកត្រពាំងប្រាសាទ យ៉ាងគឃ្លើនដោយគ្មានមន្ត្រីរដ្ឋបាលព្រៃឈើឬសមត្ថកិច្ចពាក់ព័ន្ធណាចាត់វិធានការទប់ស្កាត់ឡើយ។
ប្រភពបានឲ្យដឹងទៀតថាឈ្មួញយួនឈ្មោះង្វៀងធីម៉ៃហៅយាយម៉ាយ និងឈ្មួញខ្មែរឈ្មោះជឿនឈ្មោះវុធ និងឈ្មោះតាថ្នាំខ្លាំងកំពុងធ្វើសកម្មភាពប្រមូលទិញឈើនៅចំណុចច្រកអូរស្វាយច្រកប្រទាលជ្រំថ្មប្រេះពើយឃ្មុំថ្ម៣ដុំពើយចេកនិងដំណាក់លោកដោយគ្មានខ្លាចក្រែងអ្វីទាំងអស់។ ចំណែកលោក ស ថាវីអភិបាលខេត្តឧត្ដរមានជ័យនិងលោកលោកអ៊ឹមសាវរិទ្ធនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តឧត្ដរមានជ័យ កំពុងសម្ងំស្ងាត់ឈឹងបណ្ដោយឲ្យជំនួញឈើគ្រញូងខុសច្បាប់នៅតែកើតឡើងយ៉ាងពេញបន្ទុកក្នុងទឹកដីខេត្តឧត្ដរមានជ័យ។
តាមប្រភពពីនាយទាហាននិងពលទាហានក្នុងស្រុកត្រពាំងប្រាសាទមួយចំនួនបានបង្ហើបឲ្យដឹងថាមានមន្ត្រីយោធាពាក់ស័ក្ដិ៤ ឈ្មោះផន ជាមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្រុកត្រពាំងប្រាសាទ(គ៥) គឺជាអ្នកកៀងគរឲ្យពលរដ្ឋឆ្លងដែនខុសច្បាប់ចូលទៅកាប់ឈើគ្រញូងលើទឹកដីសៀមតាមច្រកប្រទាលជ្រំ ច្រកអូរស្វាយ ដែលជាតំបន់គ្រប់គ្រងដោយអង្គភាពយោធាតំបន់ប្រតិបត្តិការសឹករងច្រកត្រពាំងប្រាសាទ។ ទន្ទឹមនឹងនេះលោកស័ក្ដិ៤ឈ្មោះផនបានឃុបឃិតឲ្យឈ្មួញយួនឈ្មោះង្វៀងធីម៉ៃហៅយាយម៉ាយ និងឈ្មួញខ្មែរ៣នាក់ទៀតប្រមូលទិញឈើគ្រញូងដឹកចេញពីតំបន់ព្រំដែនខ្មែរ-សៀម ក្នុងស្រុកត្រពាំងប្រាសាទយ៉ាងរលូន។
សេចក្ដីរាយការណ៍ពីនាយទាហាននិងពលទាហានក្នុងស្រុកត្រពាំងប្រាសាទ ក៏ដូចជាប្រជាពលរដ្ឋរស់នៅតាមតំបន់ព្រំដែនខ្មែរ-សៀមបានឲ្យដឹងថាកាលពីយប់ថ្ងៃទី១៤ ថ្ងៃទី១៥ និងថ្ងៃទី១៧ ខែកក្កដាឆ្នាំ២០១៨ ពួកគាត់បានឃើញឈ្មួញខ្មែរឈ្មោះជឿនឈ្មោះវុធ ឈ្មោះតាថ្នាំខ្លាំងនិងឈ្មួញយួនឈ្មោះង្វៀងធីម៉ៃហៅយាយម៉ាយ ឈរចាំប្រមូលទិញឈើគ្រញូងនៅច្រកប្រទាលជ្រំច្រកអូរស្វាយ យ៉ាងគឃ្លើនដោយគ្មានញញើតអ្វីទាំងអស់ព្រោះមានការឃុបឃិតបើកដៃពីសំណាក់លោក ផន មេបញ្ជាការយោធាតំបន់ប្រតិបត្តិការសឹករងស្រុកត្រពាំងប្រាសាទ។ ហេតុនេះហើយទើបនៅតែមានពលរដ្ឋខ្មែរលបលួចឆ្លងដែនចូលកាប់ឈើគ្រញូងស្ពាយចេញពីទឹកដីសៀមយកមកលក់ឲ្យក្រុមឈ្មួញទុច្ចរិតដោយប្រឈមទៅនឹងគ្រោះថ្នាក់សព្វបែបយ៉ាង។
ប្រជាពលរដ្ឋដែលលបលួចឆ្លងដែនចូលកាប់ឈើគ្រញូងលើទឹកដីសៀមបានឲ្យដឹងថា ពួកគេបង់លុយឲ្យលោកផន តាមការកំណត់ទើបអាចឆ្លងដែនចូលទៅកាប់ឈើគ្រញូងស្ពាយចេញពីទឹកដីសៀមយកមកលក់ឲ្យឈ្មួញនៅតាមផ្សារព្រំដែន បើមិនដូច្នេះទេត្រូវប្រឈមនឹងការបង្ក្រាបជាមិនខាន។ ហេតុនេះហើយទើបមានការអំពាវនាវឲ្យថ្នាក់ដឹកនាំក្រសួងនិងស្ថាប័នពាក់ព័ន្ធ ចាត់វិធានការបង្ក្រាបក្រុមឈ្មួញឈើគ្រញូងដូចរៀបរាប់ឈ្មោះខាងលើនេះប្រកបដោយប្រសិទ្ធភាពដើម្បីកុំឲ្យកើតមានឧក្រិដ្ឋកម្មឈើគ្រញូងប្រឡាក់ឈាមតទៅទៀត៕